Hebrews 12

1ដូច្នេះដោយសារ​មានសាក្សី​ច្រើន​ដូច​ពពកនៅជុំវិញយើង​ទៅ​ហើយ​ចូរ​យើងបោះបង់បន្ទុកទាំងឡាយនិងបាបដែល​ងាយ​នឹង​រឹបរួត​យើង​នោះ​ចោល​ហើយ​ត្រូវ​រត់ក្នុងទីប្រណាំង​ដែល​បាន​រៀប​នៅចំពោះ​មុខយើងដោយ​សេចក្ដី​អត់ធ្មត់ 2ទាំងសម្លឹង​មើល​ទៅ​ព្រះ​យេស៊ូ​ដែល​ជា​អ្នកផ្ដើមនិង​ជា​អ្នក​បញ្ចប់ជំនឿ​របស់​យើង។ ​ដោយព្រោះតែអំណរ​ដែល​បាន​ដាក់​នៅចំពោះ​មុខព្រះអង្គ​ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើឆ្កាង​ដោយ​មិន​ខ្វល់នឹង​សេចក្ដី​អាម៉ាស់​ហើយ​ក៏​បាន​គង់នៅខាងស្ដាំបល្ល័ង្ក​របស់​ព្រះជាម្ចាស់ 3ដូច្នេះចូរ​ពិចារណាអំពីព្រះអង្គដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ប្រឆាំង​របស់​មនុស្សបាបទាស់នឹង​ព្រះអង្គ​ចុះ​ដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​នឿយណាយ​និង​បាក់ទឹកចិត្តឡើយ 4អ្នករាល់គ្នាមិន​ទាន់​តស៊ូក្នុង​ការ​តយុទ្ធនឹងបាបរហូតដល់​បង្ហូរ​ឈាម​នៅ​ឡើយ​ទេ 5ប៉ុន្ដែអ្នករាល់គ្នា​ភ្លេច​ការ​លើកទឹកចិត្ដដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​អ្នករាល់គ្នា​ទុក​ដូចជាកូនថា៖ ​«កូនអើយ! ​កុំ​មើលងាយ​ការ​វាយប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ​ហើយ​កុំ​បាក់ទឹកចិត្ដ​នៅពេល​ដែល​ព្រះអង្គ​កែតម្រង់​ដែរ 6ដ្បិតព្រះអម្ចាស់វាយប្រដៅ​អស់អ្នក​ដែល​ព្រះអង្គ​ស្រលាញ់ហើយវាយកូនទាំងអស់ដែល​ព្រះអង្គ​ទទួល»។ 7ចូរអ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ការ​នោះ​ទុកជា​ការ​វាយប្រដៅ​ចុះ​ព្រោះ​ព្រះជាម្ចាស់ប្រព្រឹត្ដ​ចំពោះ​អ្នករាល់គ្នាដូចជាកូន​តើ​មាន​កូន​ឯណា​ដែលឪពុកមិនវាយប្រដៅ​នោះ? 8ប៉ុន្តែបើអ្នករាល់គ្នាមិន​បាន​ទទួល​ការ​វាយប្រដៅដែលកូនគ្រប់ៗគ្នា​ត្រូវ​ទទួលទេ​នោះ​អ្នករាល់គ្នា​ជា​កូន​ក្លែងក្លាយមិនមែន​ជា​កូន​ពិតប្រាកដ​ទេ 9ម្យ៉ាងទៀតយើង​មានឪពុកខាងសាច់ឈាម​ដែល​ជា​អ្នក​វាយប្រដៅយើងហើយ​យើង​នៅតែ​គោរពគាត់​ទៀត​ផង​ដូច្នេះ​តើ​យើង​មិន​គួរ​ចុះចូលនឹងឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់តែខ្លាំង​ទៀត​ទេដើម្បី​ឲ្យ​យើង​មាន​ជីវិត? 10ដ្បិតឪពុក​ខាង​សាច់ឈាមវាយប្រដៅយើង​តែ​មួយរយៈពេលខ្លី​ប៉ុណ្ណោះ​តាមដែល​គាត់​យល់​ឃើញ​ថាល្អរីឯ​ឪពុក​ខាង​វិញ្ញាណ​វិញព្រះអង្គ​វាយប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍ដល់​យើង​គឺ​ដើម្បី​ឲ្យ​យើង​ទទួលបាន​សេចក្ដី​បរិសុទ្ធរបស់ព្រះអង្គ 11ពេលមាន​ការ​វាយប្រដៅ​ពេលនោះ​មើលទៅដូចជាព្រួយណាស់មិនសប្បាយទេប៉ុន្ដែក្រោយមក​ទើប​បង្កើតផល​ជា​សេចក្ដី​សុខសាន្ត​និង​សេចក្ដី​សុចរិត​ដល់​អស់អ្នក​ដែល​បាន​ទទួល​ការ​ហ្វឹកហ្វឺនតាមរបៀបនោះ 12ដូច្នេះចូរ​ឲ្យ​ដៃ​ដែល​រួយនិងជង្គង់​ដែល​ខ្យោយ​នោះ​មាន​កម្លាំង​ឡើង 13ហើយចូរ​តម្រង់ផ្លូវឲ្យត្រង់សម្រាប់ជើងរបស់អ្នករាល់គ្នាដើម្បីកុំ​ឲ្យ​អ្នក​ដែល​ពិការជើង​ត្រូវ​បែរចេញឡើយប៉ុន្ដែ​ឲ្យ​បាន​ជាវិញ 14ចូរដេញតាម​សេចក្ដី​សុខសាន្ដនិង​សេចក្ដី​បរិសុទ្ធជាមួយ​មនុស្ស​ទាំងអស់​ចុះ​ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធទេ​នោះ​គ្មាន​អ្នកណា​នឹង​ឃើញព្រះជាម្ចាស់​ឡើយ។ 15ចូរប្រយ័ត្នកុំ​ឲ្យ​មាន​អ្នកណាម្នាក់​មិន​បាន​ទទួល​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ឡើយ​ហើយ​កុំឲ្យឫស​នៃ​ភាព​ជូរចត់ពន្លកឡើង​ដែល​នាំ​ឲ្យ​មាន​ចលាចល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​បរិសុទ្ធដោយសារសេចក្ដីទាំងនោះ 16ចូរប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌ខាងផ្លូវភេទ​អ្នក​មិន​កោតខ្លាចព្រះជាម្ចាស់ដូចជាអេសាវដែល​បាន​លក់សិទ្ធិកូនច្បង​របស់​ខ្លួន​ដោយ​ព្រោះអាហារមួយពេល​នោះ​ឡើយ 17ដ្បិតអ្នករាល់គ្នា​ដឹងថាក្រោយមក​នៅពេល​គាត់​ចង់បានពរ​ទុក​ជា​មរតក​នោះ​គាត់​ក៏​ត្រូវ​បាន​បដិសេធវិញទោះបី​គាត់​ខំ​ស្វែងរកទាំង​ស្រក់​ទឹកភ្នែកក៏ដោយ​ក៏​រកឱកាសប្រែចិត្តមិនបានឡើយ 18អ្នករាល់គ្នាមិន​បាន​ចូល​មក​​ភ្នំ​ដែល​អាច​ប៉ះបានមានភ្លើងឆេះមាន​ពពក​ខ្មួលខ្មាញ់មានផ្សែងងងឹតមានខ្យល់ព្យុះ 19មានស្នូរត្រែនិងសំឡេង​ព្រះ​បន្ទូលដែល​ពួក​អ្នក​បាន​អង្វរ​សុំ​កុំឲ្យ​ព្រះអង្គ​មានបន្ទូល​មក​ពួកគេទៀត 20ដ្បិតពួកគេ​មិន​អាច​ស៊ូទ្រាំនឹង​សេចក្ដី​ដែល​បាន​បង្គាប់មក​ថា​សូម្បីតែសត្វដែលប៉ះពាល់ភ្នំ​ក៏​ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ។ 21ទិដ្ឋភាពនោះគួរឲ្យភ័យខ្លាចណាស់​បាន​ជា​លោក​ម៉ូសេនិយាយថាខ្ញុំ​ញ័រ​រន្ធត់​ណាស់។ 22តែអ្នករាល់គ្នា​បាន​ចូលមកភ្នំស៊ីយ៉ូន​ជា​ទីក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌ហើយ​មាន​ទេវតា​ជាច្រើន​អនេក 23មានក្រុមជំនុំ​របស់​ពួក​កូនច្បង​ដែល​មាន​ឈ្មោះ​កត់ទុកនៅស្ថានសួគ៌ជួបជុំគ្នាមានព្រះជាម្ចាស់​ដែល​ជា​ចៅក្រម​របស់​មនុស្ស​ទាំងអស់មានវិញ្ញាណ​របស់​ពួក​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍ហើយ 24មានព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀងថ្មីហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​គឺ​ជា​ឈាម​ដែល​បាន​ប្រកាសអំពី​សេចក្ដី​ប្រសើរជាង​ឈាម​របស់​លោកអេបិល 25ចូរប្រយ័ត្នកុំ​ឲ្យ​អ្នករាល់គ្នា​បដិសេធ​មិនព្រម​ស្ដាប់តាម​ព្រះអង្គ​ដែលមានបន្ទូលឡើយដ្បិត​នៅពេល​ពួក​អ្នកដែលបដិសេធ​មិន​ព្រម​ស្ដាប់តាម​មនុស្ស​ដែល​ផ្ដល់​ពាក្យ​ទូន្មាន​មកពី​ព្រះជាម្ចាស់​នៅលើផែនដី​នេះ​មិន​អាច​គេចផុត​ពី​ទោស​យ៉ាងហ្នឹង​ទៅ​ហើយ​នោះ​យើងដែលបែរចេញពី​ព្រះជាម្ចាស់​ដែល​មានបន្ទូល​ពី​ស្ថានសួគ៌រឹតតែ​មិន​អាច​គេច​ផុត​បាន​ទៅទៀត 26សំឡេងរបស់​ព្រះអង្គ​នៅ​ពេលនោះ​បាន​ធ្វើ​ឲ្យ​ផែនដីកក្រើកប៉ុន្ដែឥឡូវនេះ​ព្រះអង្គ​បាន​សន្យាថា៖ ​«យើង​នឹង​ធ្វើ​ឲ្យ​កក្រើកម្ដងទៀត​គឺ​មិនត្រឹមតែផែនដីប៉ុណ្ណោះទេ​ផ្ទៃ​មេឃក៏​កក្រើក​ដែរ»។ 27ពាក្យថា​ម្ដងទៀត​បាន​បញ្ជាក់ថា​អ្វីៗ​ដែលកក្រើក​នឹង​ត្រូវ​រើចេញ​គឺ​ជា​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើតមកដើម្បី​ឲ្យ​អ្វីៗ​ដែលមិនកក្រើក​នឹង​នៅ​ស្ថិតស្ថេរ 28ដូច្នេះដោយព្រោះ​យើង​បាន​ទទួលនគរមួយ​ដែល​មិន​កក្រើក​នោះ​យើង​ត្រូវ​ដឹងគុណ​ទាំង​បម្រើព្រះជាម្ចាស់​ឲ្យ​សព្វ​ព្រះហឫទ័យ​ព្រះអង្គ​ដោយ​ចិត្ដ​គោរពកោតខ្លាច 29ដ្បិតព្រះជាម្ចាស់​របស់​យើងជាភ្លើងដែលឆេះបំផ្លាញ
Copyright information for KhmKCB